Connect with us

ព័ត៌មាន

មហាជនសម្រុកចុះឈ្មោះចូលរួមព្រឹត្តិការណ៍ជិះកង់ភ្នំពេញ-តាកែវ ដើម្បីរួមគ្នា​ផ្សព្វផ្សាយ​ទេសចរណ៍​ក្នុង​ស្រុក

រំលេងតែ ១សប្ដាហ៍ជាងទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ជិះកង់ភ្នំពេញ-តាកែវ ចម្ងាយ ៧៨គីឡូម៉ែត្រ ដែ​ល​រៀបចំដោយក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តតាកែវ នឹងមកដល់ ពោល​គឺ​នៅ​ថ្ងៃ​ទី៨ ខែមីនា ឆ្នាំ២០២៦ ស្របពេលមានកីឡាករ-កីឡាការិនី ទាំងអាជីព និងមហាជន​ជា​ច្រើន បានសម្រុកចុះឈ្មោះចូលរួមជាបន្ដបន្ទាប់ ដើម្បីអបអរ​សាទរ​ព្រឹត្តិការណ៍​ដ៏​មាន​សារៈ​សំខាន់​នេះ ​ក៏ដូចជាការរួមគ្នាផ្សព្វផ្សាយគោលដៅទេសចរណ៍ក្នុងស្រុក ពិសេសតំបន់​ទេសចរណ៍​ប្រាសាទ​ប្រវត្ដិសាស្ដ្រនាទឹកដីដ៏ចំណាស់នេះតែម្ដង។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៦ ខែកុម្ភៈកន្លងទៅ បាន​បញ្ជាក់​ថា ព្រឹត្តិការណ៍ជិះកង់ភ្នំពេញ-តាកែវ លើកទី២ នេះ នឹង​ប្រព្រឹត្ត​ទៅ​ក្រោម​ប្រធាន​បទ «ទេសចរណ៍រីកលូតលាស់ក្នុងសន្ដិភាព» ដែលនឹងចេញដំណើរពីទីស្ដីការក្រសួង ឆ្ពោះ​ទៅ​ទី​រួម​ខេត្តតាកែវ ក្នុងគោលបំណងសំខាន់ៗមួយចំនួន ដូចជាការអបអរសាទរទិវានារីអន្ដរជាតិ ៨​មីនា ជំរុញការផ្សព្វផ្សាយតំបន់គោលដៅទេសចរណ៍ប្រាសាទភ្នំជីសូរ្យ និងបង្ហាញ​ពី​ការ​ឯក​ភាព​ជាតិ សាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំ ព្រមទាំងឧបត្ថម្ភសម្ភាសិក្សាដល់សិស្សានុសិស្សខ្វះខាតជាដើម។

យ៉ាងណា​ក្រោ​យមានកិច្ចប្រជុំត្រួតពិនិត្យទីតាំង និងតម្រាយផ្លូវ ក៏ដូចជាការផ្សព្វ​ផ្សាយ​ពី​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍នេះ មានប្រជាពលរដ្ឋយ៉ាងច្រើនបានចាប់អារម្មណ៍ និងចុះឈ្មោះ ជាក់​ស្ដែងដំណាលនឹងការជូនដំណឹងរបស់ក្រសួងទេសចរណ៍ មានកីឡាករ-កីឡាការិនី​រាប់​រយ​នា​ក់​ហើយ ​ដែលបានចុះឈ្មោះចូលរួមព្រឹត្តិការណ៍នេះ ។ ចំពោះការចុះឈ្មោះ គឺមិនតម្រូវឲ្យ​​បង់​ប្រាក់​ឡើយ ​ហើយអ្នកចុះឈ្មោះ ៧០០នាក់ដំបូង នឹងទទួលបាអាវយឺតចំនួន ១ ខណៈអ្នកចុះ​ឈ្មោះក្រោ​យ​លេខរៀងទី៧០០ ពុំទទួលបានអាវយឺតនោះទេ តែអាចចូលរួមបានដោយសេរី ហើយ​ក៏​នឹងទទួលបាននូវអាហារសម្រន់ ភេសជ្ជៈ និងអាហារសាមគ្គីថ្ងៃត្រង់ជុំគ្នា ក្រោយ​ជិះ​ដល់​ទី​រួម​ខេត្ត​តាកែវទៀតផង។

លោក សុខ វណ្ណា ប្រធាននាយកដ្ឋានសេវាកម្សាន្ត និងកីឡាទេសចរណ៍ បានបញ្ជាក់ថា ការរៀប​ចំ​លើ​នេះ មានសន្ទុះគាំទ្រកាន់តែខ្លាំងបើធៀបកាលពីឆ្នាំមុន ក្រោយមាន​សំណូមពរ​ជា​ច្រើន​ពី​អ្នក​ធ្លាប់​ចូល​រួម ។ លោកសង្ឃឹមថា ប្រជាពលរដ្ឋនឹងរួសរាន់ចុះឈ្មោះឲ្យបានកាន់តែច្រើន ដើម្បី​ចូលរួម​ផ្សព្វ​ផ្សាយ និងលើកកម្ពស់គោលដៅទេសចរណ៍ក្នុងស្រុកទាំងអស់គ្នា ពិសេស​គោល​ដៅ​ទេសចរណ៍​ប្រវត្តិសាស្ដ្រ នៅតំបន់ប្រាសាទភ្នំជីសូរ្យតែម្ដង។

គួរដឹងថា ដើម្បីធានាការរៀបចំប្រព្រឹត្តទៅរលូន ក៏ដូចជាផ្ដល់នូវសុវត្ថិភាព និង​ភាព​ស្រស់​ស្រាយ​ដល់​អ្នក​ចូលរួម កាលពីថ្មីៗ ឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ ក៏​បាន​កោះ​ប្រជុំ​​ដឹកនាំកិច្ចប្រជុំ និងត្រួតពិនិត្យជាក់ស្ដែង នៅតំបន់ប្រាសាទភ្នំជីសូរ្យ ដែលជាទីតាំងដ៏សំខាន់ ក្នុង​ចំណោមតម្រាយផ្លូវ ត្រៀមរៀបចំព្រឹត្តិការណ៍ជិះកង់ភ្នំពេញ-តាកែវ ចម្ងាយ ៧៨គីឡូម៉ែត្រ នា​ថ្ងៃ​ទី៨ ខែមីនា ឆ្នាំ២០២៦ ខាងមុខ ដែលនឹងចេញដំណើរពីទីស្ដីការក្រសួងទេសចរណ៍ កាត់​តាម​វិថី​សំខាន់ៗក្នុងរាជធានីភ្នំពេញ រហូតដល់ស្ពានអាកាសភ្លោះសម្ដេចមហាបវរធិបតី បត់តាម​ផ្លូវ​ជាតិ​លេខ​២ ហើយបត់ចូលប្រាសាទភ្នំជីសូរ្យ ដើម្បីសម្រាក និងរៀបចំកម្មវិធីផ្សេងៗជាច្រើន រួម​ទាំងការឡើងទៅកាន់ប្រាសាទនៅលើកំពូលភ្នំកម្ពស់ ១៣០ម៉ែត្រ តាមជណ្ដើរបុរាណចំនួន ៤០២​កាំ ​។ ប៉ុន្ដែសម្រាប់អ្នកមិនអាចដើរឡើងបាន ក៏អាចធ្វើដំណើរតាមផ្លូវបេតុង និងជណ្ដើរ​ពី​ផ្នែក​ខាង​ក្រោយ​ក៏បាន។ បន្ទាប់មកក្បួននឹងបន្ដដំណើរ ទៅទីរួមខេត្ត នៅចំណុចបឹងតាកែវ ដើម្បី​ប្រារព្ធ​ពិធី​បិទ​តែម្ដង៕ អត្ថបទ លី ឈុនឡា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia