Connect with us

ព័ត៌មាន

ឯកឧត្តម ហ៊ុន ម៉ានី អំពាវនាវឱ្យយុវជនបន្តចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម គាំទ្រ​ផលិត​ផល​ក្នុង​ស្រុក ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ និងអត្តសញ្ញាណជាតិ

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែល​ហៅកាត់​ថា​ ស.ស.យ.ក.​បាន​អំពាវ​នាវ​ឱ្យយុវជនបន្តចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម ស្ម័គ្រចិត្ត និងការគាំទ្រ​ផលិត​ផល​ក្នុង​ស្រុក ​ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ និងអត្តសញ្ញាណជាតិ ខណៈការអំ​ពាវ​នាវ​នេះ​គឺ​បាន​ធ្វើ​ឡើង​ក្នុង​ឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់​ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ.) នៃសហភាព​សហព័ន្ធ​យុវជន​កម្ពុជា​នៅ​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ២០២៦នេះ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ។

ក្នុងពិធីបិទសន្និបាតនោះ ឯកឧត្តម ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា ក្នុងនាមជា​កម្លាំង​ស្នូល​សម្រាប់​អនាគត​ជាតិ យុវជនត្រូវខិតខំអភិវឌ្ឍខ្លួន ឱ្យក្លាយជាអ្នកបង្កើតគុណតម្លៃថ្មីៗសម្រាប់សង្គម និង​សេដ្ឋកិច្ច ដោយផ្សារភ្ជាប់ស្មារតីស្នេហាជាតិ ជំនាញវិជ្ជាជីវៈ និងនវានុវត្តន៍ជាដើម។

សូម​បញ្ជាក់ថា សន្និបាតក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃសហភាព​សហព័ន្ធ​យុវជន​កម្ពុជា ​បានវាយតម្លៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៥ សម្រេចបាន៨៥,៩៧% នៃ​ផែនការ​សកម្មភាព ប្រចាំឆ្នាំ ល្អជាងឆ្នាំ២០២៤ ដែលសម្រេច​បាន​ត្រឹម​៨១,៧៣%នោះ។ លទ្ធផល​នេះ ត្រូវបានឆ្លុះបញ្ចាំងយ៉ាងជាក់ស្ដែងតាមរយៈសកម្មភាពសំខាន់ៗ ដូចជាការប្រមូលផ្ដុំ និង​អភិវឌ្ឍសមត្ថភាពយុវជន ការលើកកម្ពស់សន្តិភាព និងស្មារតីស្នេហាជាតិ ការ​អភិវឌ្ឍ​ជំនាញ​ឆ្លើយ​តប​ទីផ្សារការងារ ការជំរុញសហគ្រិនភាព និងនវានុវត្តន៍ និងការលើក​កម្ពស់​ការ​យល់​ដឹង​អំពី​សុវត្ថិភាព​ឌីជីថល ដើម្បីការពារយុវជនពីហានិភ័យបទល្មើសបច្ចេកវិទ្យា និងព័ត៌មានក្លែងក្លាយ។

សន្និបាត បានពិភាក្សា និងស្ដាប់បទបង្ហាញអំពីប្រធានបទយុទ្ធសាស្ត្រចំនួន៥ រួមមាន ១‑ការ​លើក​កម្ពស់ការយល់ដឹងរបស់យុវជន ដើម្បីទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២‑យុវជន​ក្នុងកាតព្វកិច្ចការពារជាតិ រក្សាសន្តិភាព ស្ថិរភាពនយោបាយ និងជំរុញវឌ្ឍនភាពជាតិ ៣‑ការចូលរួមរបស់យុវជន ក្នុងការលើក​កម្ពស់​ផលិតផល​ក្នុង​ស្រុក​បង្ហាញ​អំពី​មនសិការ​ស្នេហា​ជាតិ​ ៤‑ការលើកកម្ពស់សមត្ថភាពសហគ្រិនភាពរបស់យុវជន និង៥‑ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និង​បណ្ដុះគំនិតនវានុវត្តន៍របស់យុវជន។ ប្រធានបទទាំងនេះបានផ្ដល់និយមន័យយ៉ាងច្បាស់ថា យុវជន​ជា​កម្លាំងស្នូលសម្រាប់ការរក្សាស្ថិរភាពជាតិ និងជំរុញការ​អភិវឌ្ឍ​ប្រទេស​ប្រកប​ដោយ​ចីរភា​ព​។

សម្រាប់ឆ្នាំ២០២៦ សន្និបាតប្ដេជ្ញាបន្តអនុវត្តទិសដៅជាយុទ្ធសាស្ត្រដោយផ្តោតលើ ១‑​អនុវត្ត​ភារកិច្ចទ​​ទួលខុសត្រូវឱ្យស្របតាមផែនការសកម្មភាពឆ្នាំ២០២៦ ព្រមទាំងស្របតាម បេសកកម្ម គោល​បំណង និងផែនការយុទ្ធសាស្ត្រ «យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨» របស់ ស.ស.យ.ក. ២‑ពង្រឹងសាមគ្គីភាពជាតិ និងស្មារតីស្នេហាជាតិ ដើម្បីធានាការពារសន្តិភាព និង​អធិបតេយ្យភាពជាតិ ៣‑អភិវឌ្ឍធនធានមនុស្សយុវជន ឱ្យមានសមត្ថភាពប្រកួតប្រជែង ក្នុង​សេដ្ឋកិច្ច​ឌីជីថលនិងសកលភាវូបនីយកម្ម ៤‑ជំរុញសហគ្រិនភាព និងនវានុវត្តន៍ ដើម្បីបង្កើត​តម្លៃ​សេដ្ឋកិច្ច និងជំរុញកំណើនជាតិ ៥‑ពង្រឹងវិន័យ សីលធម៌ និងការគោរពច្បាប់ ដើម្បីកសាង​សង្គម​មាន​សុវត្ថិភាព និងសុចរិតភាព ៦‑លើកកម្ពស់សុវត្ថិភាពឌីជីថល និងការប្រើប្រាស់​បច្ចេក​វិទ្យាប្រកប​ដោយទំនួលខុសត្រូវ និង៧‑ពង្រីកសកម្មភាពស្ម័គ្រចិត្ត និងគាំទ្រផលិតផលខ្មែរ ដើម្បី​ពង្រឹងសេដ្ឋកិច្ចជាតិ និងមនសិការស្នេហាជាតិ៕ អត្ថបទ៖ បាន ចក់

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia