ព័ត៌មាន
អ្នកនាំពាក្យ៖ បេសកកម្មការទូតទាំងក្នុង និងក្រៅប្រទេស ថ្នាក់ដឹកនាំកម្ពុជាតែងតែបញ្ជាក់ជំហរស្រឡាញ់សន្តិភាព និងចង់ដោះស្រាយដោយសន្ដិវិធីជាមួយថៃ
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ជាថ្មីថា បេសកកម្មបង្ហាញជំហរសន្តិភាពនិយម និងផ្អែកលើច្បាប់អន្តរជាតិរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជាទាំងក្នុង និងក្រៅប្រទេសតែងតែបញ្ជាក់ជំហរស្រឡាញ់សន្តិភាព និងចង់ដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាងជាពិសេសប្រទេសថៃដោយសន្ដិវិធី និងយន្តការច្បាប់អន្តរជាតិ។
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ថ្លែងតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦នេះថា មិនថាបេសកកម្មការទូតនៅក្រៅប្រទេស ឬក្នុងប្រទេសឡើយ ថ្នាក់ដឹកនាំកម្ពុជា តែងតែជម្រាបជូនដៃគូសន្ទនាបរទេសអំពីស្ថានការណ៍វិវត្តន៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ជាពិសេសសង្កត់ធ្ងន់លើជំហរច្បាស់លាស់របស់កម្ពុជាដែលស្រឡាញ់សន្តិភាព និងចង់បានដំណោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយគោរពយ៉ាងម៉ឺងម៉ាត់គោលការណ៍ច្បាប់អន្តរជាតិ។
ជាក់ស្តែង ក្នុងឱកាសអនុញ្ញាតឱ្យលោកជំទាវ Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជាចូលជួបសម្តែងការគួរសមកាលពីថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២៦ សម្ដេចមហារបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនអ្នកសម្របសម្រួលអង្គការសហប្រជាជាតិអំពីការវិវត្តថ្មីៗនៃស្ថានការណ៍តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ និងបានគូសបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការបន្តប្រកាន់យកការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់រវាងប្រទេសទាំងពីរ។
លោកជំទាវ ក៏បានជម្រាបជូនសម្ដេចធិបតីវិញថា អង្គការសហប្រជាជាតិចង់ឃើញប្រទេសទាំងពីរដោះស្រាយភាពខ្វែងគ្នាដោយសន្តិវិធី ដោយគោរពតាមធម្មនុញ្ញនៃអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ។ លើសពីនេះ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជាក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់កម្ពុជាក្នុងអំឡុងពេល២០ឆ្នាំនៅក្នុងបេសកកម្មរក្សាសន្តិភាពក្នុងពិភពលោកតាមរយៈការបន្តបញ្ជូនកងទ័ពមួកខៀវទៅបំពេញបេសកកម្មថែរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។
ក្នុងថ្ងៃតែមួយ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក៏បានអនុញ្ញាតឱ្យលោកជំទាវ TEO Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជាដែលចប់អាណត្តិចូលជួបសម្ដែងការគួរសមនិងជម្រាបលានៅវិមានសន្ដិភាព។ នាឱកាសនោះ សម្តេចធិបតីក៏បានជម្រាបជូនលោកជំទាវឯកអគ្គរដ្ឋទូតអំពីបញ្ហាព្រំដែនកម្ពុជា-ថៃដែរ ដោយសម្តេចបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត ក៏ដូចជាជំហររបស់កម្ពុជានៅក្នុងការបន្តប្រកាន់យកការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់រវាងប្រទេសទាំងពីរ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបានរម្លឹកជូនឡើងវិញថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទើបតែបានបញ្ចប់បេសកកម្មការទូតនៅសហរដ្ឋអាម៉េរិក និងអឺរ៉ុប ដើម្បីឧត្តមប្រយោជន៍ជាតិនិងប្រជាជន។ ក្នុងដំណើរបេសកកម្មការទូតនោះ ក្រៅពីបានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព(The Board of Peace)នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក និងបានជួបសន្ទនាជាមួយថ្នាក់ដឹកនាំបណ្តាប្រទេសជាច្រើន ក៏ដូចជាឥស្សរជនជាន់ខ្ពស់អាម៉េរិក សម្តេចបវរធិបតី ក៏បានបន្តបេសកកម្មទៅសហភាពអឺរ៉ុប និងបានជួបពិភាក្សាការងារជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ ឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស និងប្រធានគណៈកម្មការអឺរ៉ុប ព្រមទាំងមន្ត្រីអឺរ៉ុបជាច្រើនទៀត។
ឯកឧត្តមអ្នកនាំពាក្យបន្តថា ក្រៅពីពង្រឹងនិងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី ស្ថានការណ៍វិវត្តន៍នៅព្រំដែនកម្ពុជា-ថៃ ត្រូវបានលើកឡើងយ៉ាងទូលំទូលាយពោលគឺ ការចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងទ័ពថៃនៅតំបន់មួយចំនួន និងការដាក់បន្លាលួស ទូរកុងតឺន័រ ដោយបានរារាំងពលរដ្ឋស៊ីវិលកម្ពុជាច្រើនម៉ឺននាក់មិនឱ្យវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ ត្រូវបានសហគមន៍អន្តរជាតិដឹងលឺ។ ជាពិសេសជំហរសន្តិភាពនិយមរបស់កម្ពុជាដែលចង់បានដំណោះស្រាយដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិក៏ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើឆាកអន្តរជាតិ។
ឯកឧត្តម ប៉ែន បូណា បានកត់សម្គាល់ថា គ្រប់មេដឹកនាំនិងឥស្សរជននៃបណ្តាប្រទេស ក៏ដូចជាថ្នាក់ដឹកនាំនៃស្ថាប័នអន្តរជាតិទាំងអស់ សុទ្ធតែបានបង្ហាញការគាំទ្រជំហរសន្តិភាពនិងចង់ឃើញដំណោះស្រាយដោយសន្តិវិធី ស្របតាមគោលការណ៍ច្បាប់អន្តរជាតិជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ ពោលគឺជំហររបស់សហគមន៍អន្តរជាតិស្របគ្នាទាំងស្រុងជាមួយជំហររបស់រាជរដ្ឋាភិបាលកម្ពុជាហើយសហគមន៍អន្តរជាតិក៏បានយល់ច្បាស់ពីជំហរសន្តិភាពនិយមរបស់កម្ពុជា។
ជាក់ស្តែង លោកជំទាវ Louise Mushikiwabo អគ្គលេខាធិការនៃអង្គការអន្តរជាតិនៃបណ្តាប្រទេសនិយាយភាសាបារាំង( Francophonie) ក្នុងឱកាសជួបសម្តែងការគួរសមជាមួយសម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជានាថ្ងៃទី២ខែមីនា ឆ្នាំ ២០២៦បានកោតសរសើរពីការស្វះស្វែងរកសន្តិភាពរបស់សម្តេចសម្រាប់ប្រទេសនិងប្រជាជនកម្ពុជា។ លោកជំទាវក៏បានតាមដានបញ្ហាព្រំដែនកម្ពុជា-ថៃ ហើយឆ្លៀតឱកាសនៃដំណើរទស្សនកិច្ចនេះ ដើម្បីជួបសួរសុខទុក្ខជនភៀសសឹកនៅព្រំដែនផងដែរ។ សម្តេចតេជោបានចាត់ទុកដំណើរទៅសួរសុខទុក្ខពលរដ្ឋភៀសសឹកថា ជាការបង្ហាញយ៉ាងច្បាស់នូវជំហររបស់លោកជំទាវក្នុងការគាំទ្រសន្តិភាពនិងមិនចង់ឃើញសង្គ្រាមកើតឡើងនោះឡើយ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ជាថ្មីថា ក្នុងស្មារតីស្រឡាញ់សន្តិភាពនិងគោរពច្បាប់អន្តរជាតិ កម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងគ្រប់ចំណុចនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតដែលបានធ្វើកាលពីពេលកន្លងទៅ។ កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕





-
ព័ត៌មាន1 week agoពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា ពង្រីកធនធានមនុស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ
-
ព័ត៌មាន2 days agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អំណោយមនុស្សធម៌ជាបន្ទាន់ដើម្បីជួយសម្រាលការលំបាកជូនប្រជាជនភៀសសឹកចំនួន ២.៨៨០គ្រួសារ នៅខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយទឹកភ្លៀងនៅជំរំសុវត្ថិភាព
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ បេសកកម្មការទូតរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុបផ្សារភ្ជាប់កាតព្វកិច្ចការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ
-
ព័ត៌មាន5 days agoអង្គភាព CMAC ទទួលបានគ្រឿងចក្រកម្ទេចមីនថ្មីទំនើបពីរដ្ឋាភិបាលជប៉ុន
-
ព័ត៌មាន3 days agoអ្នកនយោបាយលើកឡើងពីជោគជ័យដ៏ធំធេងរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុប
-
ព័ត៌មាន1 week agoតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចធិបតីអញ្ជើញសម្ពោធអាគារសិក្សាថ្មី និងចែកសញ្ញាបត្រដល់សមណនិស្សិត-និស្សិត នៃពុទ្ធិកសាកលវិទ្យាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
-
ព័ត៌មាន3 days agoអគ្គលេខាធិការសមាគមអតីតយុទ្ធជន អញ្ជើញពិនិត្យការសាងសង់ផ្ទះជូនអតីតយុទ្ធជន ក្នុងខេត្តបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoអង្គទូត និងអង្គការអរន្តជាតិចំនួន២១ស្ថាប័នចុះពិនិត្យជាក់ស្ដែងនៅទីតាំងយោធាថៃឈ្លានពានចូលកម្ពុជាដោយដាក់ទូកុងតឺន័រ និងបន្លាលួសក្នុងភូមិសាស្រ្ដ ភូមិជោគជ័យ