ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តវិស័យឯកជនអាស៊ានតភ្ជាប់បណ្តាញធុរកិច្ច និងវិនិយោគក្នុងតំបន់ឱ្យកាន់តែស៊ីជម្រៅ ខណៈសក្តានុពលវិនិយោគនៅមិនទាន់បានប្រើប្រាស់ពេញលេញ
ភ្នំពេញ៖ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មកម្ពុជា បានថ្លែងបញ្ជាក់ថា សក្តានុពលនៃការវិនិយោគនៅក្នុងតំបន់អាស៊ាននៅតែមិនទាន់បានប្រើប្រាស់ពេញលេញ និងបានលើកទឹកចិត្តដល់វិស័យឯកជនអាស៊ានតភ្ជាប់បណ្តាញធុរកិច្ច និងវិនិយោគក្នុងគោលដៅជំរុញសមាហរណកម្មសេដ្ឋកិច្ចតំបន់ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងបែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីក្នុងកម្មវិធី Networking Cocktail នៃកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ក្រោមមូលបទ «ការផ្លាស់ប្តូរអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តន៍ឧស្សាហកម្ម» កាលពីល្ងាចថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ។ កម្មវិធីនេះ ក៏មានវត្តមានចូលរួមពីតំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ តំណាងអង្គទូត និងវិស័យឯកជនជាច្រើនរូប។
ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សភាពាណិជ្ជកម្មកម្ពុជា ចំពោះការប្តេជ្ញាចិត្តក្នុងការពង្រឹងការតភ្ជាប់វិស័យឯកជនអាស៊ាន និងការធ្វើឱ្យកិច្ចសហប្រតិបត្តិការវិនិយោគក្នុងតំបន់កាន់តែស៊ីជម្រៅ និងបានវាយតម្លៃខ្ពស់ចំពោះមូលបទរបស់កម្មវិធី ស្តីពី “ការផ្លាស់ប្តូរអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តន៍ឧស្សាហកម្ម” ដែលបង្ហាញពីបំណងប្រាថ្នារួមស្របតាមចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥។
ថ្លែងនៅក្នុងសុន្ទរកថា លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសក្តានុពលនៃការវិនិយោគនៅក្នុងតំបន់អាស៊ាន ដែលនៅតែមិនទាន់បានប្រើប្រាស់ពេញលេញ និងបានលើកទឹកចិត្តដល់វិស័យឯកជនអាស៊ានតភ្ជាប់បណ្តាញធុរកិច្ច និងវិនិយោគក្នុងគោលដៅជំរុញសមាហរណកម្មសេដ្ឋកិច្ចតំបន់ឱ្យកាន់តែស៊ីជម្រៅ បន្ថែមទៀត។
លោកជំទាវរដ្ឋមន្ត្រី បន្តថា ដើម្បីសម្រេចគោលដៅខាងលើ អាស៊ានបាននិងកំពុងបន្តពង្រឹងរចនាសម្ព័ន្ធស្ថាប័ន និងក្របខណ្ឌគោលនយោបាយរបស់ខ្លួនឲ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពតាមរយៈការធ្វើវិសោធនកម្មកិច្ចព្រមព្រៀងមួយចំនួន រួមមាន៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន និងកិច្ចព្រមព្រៀងវិនិយោគគ្រប់ជ្រុងជ្រាយមួយរបស់អាស៊ានជាដើម។
មុននឹងបញ្ចប់ លោកជំទាវរដ្ឋមន្ត្រី បានលើកឡើងអំពីសារៈសំខាន់នៃការរៀបចំកម្មវិធី Networking Cocktail នាពេលនេះ ដែលបានផ្តល់ឱកាសដ៏មានតម្លៃមួយសម្រាប់អ្នកចូលរួមទាំងអស់ភ្ជាប់ទំនាក់ទំនងគ្នា ផ្លាស់ប្តូរយោបល់ និងជាមូលដ្ឋានសម្រាប់ភាពជាដៃគូនាពេលអនាគត ព្រមទាំងបានលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ ប្រែក្លាយការពិភាក្សានាពេលល្ងាចនេះ ទៅជាការវិនិយោគ និងគម្រោងអាជីវកម្មជាក់ស្តែង ផងដែរ៕





-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត