Connect with us

ព័ត៌មាន

សម្តេចធិបតី នាយករដ្ឋមន្រ្ដី៖ កម្ពុជា​កំពុង​លុបបំបាត់​មជ្ឈ​មណ្ឌល​ឆបោក​តាម​អនឡាញ​ ដើម្បី​ផ្តល់​ទំនុក​ចិត្ត​ដល់វិនិយោគិន

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​បង្ហាញ​ពី​យុទ្ធនាការ​លុបបំបាត់មជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដើម្បី​ផ្តល់​នូវទំនុកចិត្ត និងសុវត្ថិភាពដល់វិនិយោគិននានា។

ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំកំពូលធុរកិច្ច អាស៊ាន-កម្ពុជា ឆ្នាំ២០២៦ នៅ​រា​​ជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មាន​ប្រសាសន៍​បញ្ជាក់​អំពីការសម្រេច ផ្លាស់ប្តូរយ៉ាងម៉ឺងម៉ាត់​នូវ​គោល​នយោបាយ​ទប់​ស្កាត់​លុប​បំបាត់​មជ្ឈ​មណ្ឌល​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និងវឌ្ឍនភាពលើវិស័យវិនិយោគ ដែល​តាម​រយៈ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) ឃើញមានកំណើនជាច្រើន ក្នុងឆ្នាំ២០២៥កន្លងមកនេះ។

សម្ដេច​ធិបតីបានថ្លែងថា «រាជរដ្ឋាភិបាលបានផ្លាស់ប្ដូរយ៉ាងម៉ឹងម៉ាត់នូវគោលនយោបាយជាតិ ក្នុង​ការ​ទប់​ស្កាត់​ទៅជាការលុបបំបាត់ទាំងស្រុងនូវមជ្ឈមណ្ឌលឆបោកតាមអនឡាញ ឱ្យ​អស់​ត្រឹម​ខែ​មេសា​ ឆ្នាំ២០២៦ខាងមុខនេះ ដើម្បីពង្រឹងវិធានការច្បាប់ និងអនុលោមភាពស្ថាប័ន និង​ការ​ពារ​បន្ថែម​ទៀត​នូវ​សុចរិតភាពក្នុងបរិយាកាសវិនិយោគ»។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើត​ក្រុម​ការ​ងារ​អន្ត​រ​ក្រសួង ​ដែលមានសមាជិកជាង ១០០នាក់ មកពីក្រសួង ស្ថាប័ន ពាក់ព័ន្ធចំនួន ៣០ ដើម្បី​លើក​កម្ពស់​បរិយា​កាសធុរកិច្ចនៅកម្ពុជា។ សម្ដេចធិបតីបានឱ្យដឹងថា ក្រុមការងារនេះ បានរៀប​ចំ​កម្ម​វិធី​ជំរុញ​ការកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា ឆ្នាំ២០២៥-២០២៨ ដែល​រាជ​រដ្ឋាភិបាល​បាន​អនុម័តជាផ្លូវការកាលពីខែវិច្ឆិកាឆ្នាំ២០២៥កន្លងទៅ។

តាមរបាយការណ៍របស់ក្រសួងយុត្តិធម៌ ក្នុងរយៈពេល៨ខែចុងក្រោយនេះ តុលាការ​កម្ពុជា​បាន​អនុវ​ត្ត​នីតិវិធីផ្លូវច្បាប់លើសំណុំរឿងពាក់ព័ន្ធនឹងការឆបោកអនឡាញ ដើម្បីផ្តន្ទាទោសមេខ្លោង និង​បក្ខពួកចំនួនជាង៥០០នាក់ ក្នុងនោះរាប់បញ្ចូលទាំងសំណុំរឿង ចេន ស៊ី, សំណុំរឿងឧកញា លី គួង និងសំណុំរឿងធំៗពាក់ព័ន្ធនឹងមេខ្លោងជាជនបរទេសផ្សេងទៀត។ សមត្ថកិច្ច​បាន​បន្ត​សហការ​ជាមួយ​បណ្តាប្រទេសដៃគូ ដើម្បីស្រាវជ្រាវ ធ្វើកោសល្យវិច័យលើវត្ថុតាង និងស៊ើបអង្កេត​ប្រព័ន្ធ​ហិរញ្ញ​វត្ថុ​របស់ក្រុមឧក្រិដ្ឋជន ដើម្បីឈានទៅវែក​មុខ​ក្រុម​អង្គការ​ចាត់​ដែល​បាន​យក​កម្ពុជា​ធ្វើ​ជា​ទីតាំងឆបោកទៅក្រៅប្រទេស។

ដោយឡែកនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ បាន​ចុះ​ត្រួត​ពិនិត្យ​អគារ Diamond star ស្ថិតនៅលើផ្លូវសុភមង្គល ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌ​ចំការ​មន​ ដោយឃាត់ខ្លួនជនសង្ស័យ ដែលជាបុរសជនជាតិចិន៣នាក់ និងស្ត្រីខ្មែរ ៤នាក់ រួម​ទាំង​វត្ថុ​តាង​ រួមមានៈ កុំព្យូទ័រ ALL IN ONE ចំនួន ២២គ្រឿង ទូរស័ព្ទដៃ ចំនួន ៣៨គ្រឿង Laptop ចំនួន​ ១គ្រឿងម៉ូនីទ័រ ចំនួន ១២គ្រឿង ក្បាល DVR ចំនួន ០១គ្រឿង លិខិតឆ្លងដែន ជន​ជាតិ​ចិន​ ចំនួន ០៣ច្បាប់ ។

សមត្ថកិច្ច​បានសន្និដ្ឋានថា ជាករណីលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ Online Scams ក្រោមរូបភាពឆបោកបែបស្នេហា(Romance Scam) ឱ្យបង្កើតគណនី ដើម្បី​ជួញ​ដូរ​រូបិយប័ណ្ណអេឡិចត្រូនិច(Wallet) ដែលមានគោលដៅទៅកាន់ប្រទេសផ្សេងៗ និង​លួង​លោម​អូស​ទាញលក់សេវាកម្មផ្លូវភេទ។ បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ក្រុមការងារ​ចម្រុះ​បាន​សម្រេច​ប្រគល់ជូនស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីបន្តស្រាវជ្រាវអនុវត្តតាមនីតិវិធី។

សូម​បញ្ជាក់ថា សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បាន​បញ្ជាក់​នា​ពេល​កន្លង​មក​យ៉ាង​ច្បាស់​ថា កម្ពុជាមិនមែន​ជា​កន្លែង​សម្រា​ប់​ឧក្រិដ្ឋ​ជន​បច្ចេក​វិទ្យា​ប្រើ​ប្រាស់​ក្នុង​ការ​ប្រព្រឹត្ត​ការ​ឆបោក ​ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំង​ឡាយ​ណា​ដែល​នៅ​ពី​ក្រោយ​សកម្មភាព​ឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹង​ទោស​ទណ្ឌ​ខ្ពស់​បំផុត​ដោយ​គ្មាន​ការ​យោគ​យល់ ​ឬការអន្តរាគមន៍ណាមួយឡើយ។ វិធានការដែលបាន និងកំពុងអនុវត្តទាំងនេះ នឹង​អាច​ធ្វើ​អាច​ឱ្យ​កម្ពុជាឈានទៅលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅពេលខាងមុខ៕ អត្ថបទ៖ មុត សុទ្ធ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia