Connect with us

ព័ត៌មាន

អនុប្រធានទី១ CDC លើក​ទឹក​ចិត្ត​វិនិយោគិន​នានា​ឱ្យ​ចាប់​យក​កាលា​នុវ​ត្ត​វិនិយោគ​នៅ​កម្ពុជា​ឱ្យ​បាន​ឆាប់​រហ័ស ខណៈរាជរដ្ឋាភិបាលកំពុងផ្ដល់ឱកាសពិសេសជាច្រើន

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន​លើក​ទឹកចិត្តដល់វិនិយោគិន ឱ្យចាប់​យក​កាលានុវត្ត​វិនិយោគ​នៅ​ក្នុង​ប្រទស​កម្ពុជា​ឱ្យ​បាន​ឆាប់​រហ័ស​ ដោយបានគូសបញ្ជាក់អំពីកត្តាសំខាន់ៗមួយចំនួនរួមមាន រាជ​រដ្ឋាភិបាល​ដែល​គាំទ្រ​វិស័យ​ឯកជន កម្លាំងពលកម្មវ័យក្មេង និងស្វាហាប់ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និង​របប​វិនិយោគ​ដ៏​បើក​ទូលាយ​របស់កម្ពុជា ដែលកត្តាទាំងនេះបានផ្តល់នូវឱកាសវិនិយោគដ៏មានសក្តានុពល។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន​បង្ហាញ​ការ​លើកទឹកចិត្តបែបនេះដល់បណ្ដាវិនិយោគិននានាក្នុងឱកាស អញ្ជើញ​ជា​អធិបតី​ថ្លែង​សុន្ទរក​ថា​គន្លឹះ និងចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សានៃកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ​២០២៦ នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦។ កិច្ចប្រជុំកំពូលនេះត្រូវបានរៀបចំឡើងក្រោមមូលបទ “ការផ្លាស់ប្តូរអាស៊ាន៖ នវានុវត្តន៍ សមា​ហរ​ណ​កម្ម ​និងការវិវត្តឧស្សាហកម្ម” ។

ក្នុងឱកាស​នោះ អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បញ្ជាក់ថា តាមរយៈការ​គាំទ្រ​ពី​កំណែ​ទម្រង់​គោល​នយោបាយ ការសម្រួលនីតិវិធី និងការតភ្ជាប់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ កម្ពុជា​អាច​ផ្តល់​ជូ​ន​វិនិយោគិន​នូវ​ការ​ចូល​ទៅ​កាន់​ទីផ្សារ​ពិភព​លោក​ដែល​មាន​អ្នក​ប្រើ​ប្រាស់​រាប់​ពាន់​លាន​នាក់​។

ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញពីតួនាទីយ៉ាង​សកម្ម​របស់​កម្ពុជា​ក្នុង​​នាម​ជា​រដ្ឋ​សមា​ជិកអាស៊ាន ក្នុងការលើកកម្ពស់កត្តាសំខាន់ៗទាំងនេះជាបន្តបន្ទាប់។ សមិទ្ធ​ផល​សំខាន់​ៗ​រួម​មាន​ ការអនុម័តផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និង​ភស្តុភារ​កម្ម​កម្ពុជា ឆ្នាំ២០២៣-២០៣៣, ការដាក់ឱ្យដំណើរការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និង​អាកាសយានដ្ឋានអន្តរជាតិតេជោដែលទើបនឹងបើកដំណើរការថ្មីៗនេះ ក៏ដូច​ជា​គម្រោង​កំពុង​ដំណើរ​ការ​ដូចជា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ព្រែកជីកហ្វូណនតេជោ និងការ​ពង្រីក​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ។

លើសពីនេះ ឯកឧត្តមបាន​លើក​ឡើង​ពី​ការ​ពិនិត្យ​ឡើ​ង​វិញ​នូវ​គោល​នយោបាយ​ពាណិជ្ជ​កម្ម​ឆ្នាំ​២០២៥ ​របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលបាន​ទទួល​ស្គាល់​ការ​អនុវត្ត​ពេញ​លេញ​របស់​កម្ពុជាលើការប្តេជ្ញាចិត្តនៃកិច្ចព្រមព្រៀងកិច្ចសម្រួលពាណិជ្ជកម្ម ចាប់តាំងពីខែមករា ឆ្នាំ​២០២៥។

មុន​នឹងបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់វិនិយោគិន ឱ្យ​ចាប់​យក​កាលានុវត្ត​វិនិយោគនៅក្នុងប្រទសកម្ពុជាឱ្យបានឆាប់រហ័ស ដោយបានគូសបញ្ជាក់​អំពី​កត្តា​សំខាន់​ៗ​មួយចំ​នួនរួមមាន រាជរដ្ឋាភិបាលដែលគាំទ្រវិស័យឯកជន កម្លាំងពលកម្ម​វ័យក្មេង និង​ស្វាហាប់ ​ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងរបបវិនិយោគដ៏បើកទូលាយរបស់កម្ពុជា ដែល​កត្តា​ទាំង​នេះ​បាន​ផ្តល់​នូវ​ឱកាសវិនិយោគដ៏មានសក្តានុពល។ តាមរយៈការ​គាំទ្រ​ពី​កំណែ​ទម្រង់​គោល​នយោបាយ ​ការសម្រួលនីតិវិធី និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយប្រសិទ្ធភាព កម្ពុជា​អាច​ផ្តល់ជូ​នវិនិយោគិននូវការចូលទៅកាន់ទីផ្សារពិភពលោក ដែល​មាន​អ្នក​ប្រើ​ប្រាស់​រាប់​ពាន់​លាន​នាក់​។

សូម​ជម្រាបថាឆ្នាំនេះជាឆ្នាំទី៣ ជាប់ៗគ្នា ដែលកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា​ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​ក្នុងរាជធានីភ្នំពេញ។ សម្រាប់កិច្ចប្រជុំឆ្នាំ២០២៦ នេះ មានការចូលរួមពីក្រុមហ៊ុនជាតិ និង​អន្តរជាតិជាង ៣០០ ក្រុមហ៊ុន និងថ្នាក់ដឹកនាំធុរកិច្ចជិត ៧០០ នាក់។ លើស​ពី​តួ​លេខ​ទាំង​នេះ ​វេទិកានេះដើរតួជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ការផ្សារភ្ជាប់ទំនាក់ទំនងកម្រិតខ្ពស់ និង​ការ​ផ្គូរ​ផ្គង​អាជីវកម្ម ដែលជំរុញសមាហរណកម្មតំបន់ និងស្មារតី​សហការ​ដើម្បី​ជំរុញ​អាស៊ាន​ឆ្ពោះ​ទៅ​មុខ​៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia