ព័ត៌មាន
កសិករនៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ជោគជ័យខ្លាំងលើរបរដាំម្រេច
ដំណាំម្រេចនៅក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កំពុងក្លាយជាប្រភពចំណូលដ៏សំខាន់សម្រាប់កសិករក្នុងតំបន់ ខណៈដែលការដាំដុះទទួលបានជោគជ័យ និងមានតម្លៃសមរម្យដែលអាចទទួលយកបាន ទោះបីជាមានការប្រែប្រួលតម្លៃបន្តិចបន្តួចនៅលើទីផ្សារសកលក៏ដោយ។
លោក ឈុំ វឿន អាយុ ៤៥ឆ្នាំ ជាកសិករដាំម្រេចរស់នៅភូមិប៊ូស្រា ឃុំប៊ូស្រា ស្រុកពេជ្រាដា បានឱ្យដឹងថា លោកបានចាប់យករបរដាំម្រេចនេះអស់រយៈពេល ១១ឆ្នាំមកហើយ ដោយបច្ចុប្បន្នលោកមានផ្ទៃដីដាំដុះសរុបចំនួន ៨ហិកតា។ លោកបានជ្រើសរើសពូជម្រេចបាយ និងពូជម៉ាឡេមកដាំដុះ ដែលគិតមកទល់ពេលនេះ លោកបានប្រមូលផលជាបន្តបន្ទាប់អស់រយៈពេលជាច្រើនឆ្នាំមកហើយដែរ។ ចំពោះរដូវកាលប្រមូលផលវិញ គឺចាប់ផ្ដើមពីខែមករា រហូតដល់ខែមិថុនា ឬខែកក្កដា ទើបបញ្ចប់។
ពាក់ព័ន្ធនឹងតម្លៃទីផ្សារវិញ លោក ឈុំ វឿន បានបញ្ជាក់ថា តម្លៃម្រេចដែលឈ្មួញចុះមកប្រមូលទិញដល់ទីកន្លែងនាពេលនេះ គឺចន្លោះពី ២២,០០០រៀល ទៅ ២៣,០០០រៀល ក្នុងមួយគីឡូក្រាម។ បើធៀបនឹងដើមដៃកាលពីឆ្នាំមុន តម្លៃនេះមានការធ្លាក់ចុះបន្តិចបន្តួច ដោយកាលពីឆ្នាំកន្លងទៅ គឺទទួលបានចន្លោះពី ២៥,០០០រៀល ទៅ ២៦,០០០រៀល។ ទោះជាយ៉ាងណា លោកអះអាងថា ការធ្លាក់ចុះបន្តិចបន្តួចនេះ មិនមែនដោយសារបញ្ហាគុណភាពម្រេចនោះទេ ប៉ុន្តែវាជាការប្រែប្រួលនៃទីផ្សារសកល ហើយសម្រាប់កសិករ តម្លៃដែលទទួលបានបច្ចុប្បន្ន គឺនៅតែអាចទទួលយកបានដោយក្ដីពេញចិត្ត និងអាចទប់ទល់នឹងការចំណាយនានាបានយ៉ាងប្រសើរ។
តាមបទពិសោធន៍របស់កសិកររូបនេះ លោកយល់ឃើញថា របរដាំម្រេចគឺជាមុខរបរដែលផ្ដល់ផលចំណេញខ្ពស់ និងជួយដល់សេដ្ឋកិច្ចគ្រួសារបានច្រើនជាងដំណាំផ្សេងៗទៀតដែលលោកធ្លាប់បានសាកល្បងដាំកាលពីមុនមក។ លោកបានចែករំលែកនូវបច្ចេកទេសសំខាន់ៗថា ការដាំម្រេចគឺត្រូវការដីទួលដែលមិនដកទឹក និងត្រូវធ្វើប្រឡាយក្រវ៉ាត់ដីឱ្យបានល្អ ដើម្បីការពារកុំឱ្យមានការជាំទឹក ដែលជាមូលហេតុធ្វើឱ្យម្រេចងាប់។ លើសពីនេះ ម្រេចត្រូវការការស្រោចទឹកឱ្យបានដិតដល់ និងត្រូវការជន្លន់ឈើឱ្យបានល្អ រីឯបច្ចេកទេសដាំដុះវិញ លោកមិនបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលជំនាញអីនោះទេ គឺលោករៀនសូត្របន្តគ្នាពីកសិករមួយទៅកសិករមួយតែប៉ុណ្ណោះ។
ទោះជាយ៉ាងណា ការដាំម្រេចក៏ត្រូវប្រឈមនឹងការចំណាយខ្ពស់លើកម្លាំងពលកម្ម និងការទិញសម្ភារបច្ចេកទេសផ្សេងៗ ជាពិសេសការការពារសត្វល្អិតដូចជា “ចៃ” ជាដើម ដែលទាមទារឱ្យមានការពិភាក្សាជាមួយមន្ត្រីជំនាញកសិកម្មដើម្បីប្រើប្រាស់ថ្នាំកសិកម្មឱ្យបានត្រឹមត្រូវ។ ជាមួយគ្នានេះ លោក ឈុំ វឿន ក៏បានសំណូមពរដល់មន្ត្រីជំនាញ សូមជួយរក្សាស្ថិរភាពទីផ្សារឱ្យបានល្អដូចបច្ចុប្បន្ននេះ ដើម្បីឱ្យកសិករមានកម្លាំងចិត្តក្នុងការបន្តពង្រីកការដាំដុះបន្ថែមទៀត ដែលក្នុងនោះរូបលោកផ្ទាល់ក៏មានគម្រោងពង្រីកផ្ទៃដីដាំដុះចំនួន ១ហិកតា ក្នុង១ឆ្នាំ បន្ថែមទៀតផងដែរ។
ជាចុងក្រោយ លោកក៏បានអំពាវនាវដល់កសិករផ្សេងទៀត ឱ្យខិតខំដាំដុះម្រេចឱ្យបានល្អ ព្រោះតាមទស្សនៈរបស់លោកដែលធ្លាប់ឆ្លងកាត់ការដាំដំណាំជាច្រើនប្រភេទ គឺយល់ឃើញថា គ្មានមុខរបរកសិកម្មណាដែលងាយស្រួល និងផ្ដល់ចំណូលបានសមរម្យដូចរបរដាំម្រេចនេះឡើយ។
តាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តមណ្ឌលគិរី គិតត្រឹមថ្ងៃ៤ខែមីនាឆ្នាំ២០២៦ ដំណាំម្រេច អនុវត្តសរុបបានចំនួន ១ ៣៥៨ហិកតា ចាប់ផ្តើមប្រមូលផលចាប់ពីខែមករា រហូតដល់ខែឧសភា ក្នុងនោះមានពូជម្រេចបាយ ពូជវិញលិន និងពូជម៉ាឡេស៊ី ៕
អត្ថបទ៖ អ៊ិត ភីរុណ





-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦