Connect with us

ព័ត៌មាន

ស្អែកនេះ ក្រសួងការងារនឹងនាំយកឱកាសការងារជិត ១ពាន់កន្លែងទៅកាន់ខេត្តកំពង់ចាម សម្រាប់​អតីត​ពលក​រខ្មែរ និងអ្នកកំពុងស្វែងរកការងារ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រោងនាំយកឱកាសការងារសរុបចំនួន ៩១៩ កន្លែង​តាម​រយៈ«​វេទិកាការងារ និងយុទ្ធនាការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ទៅកាន់​ខេត្ដ​កំពង់​ចាម សម្រាប់​អតីតពលករខ្មែរ និងអ្នកកំពុងស្វែងរកការងារ ដែលរៀបចំនៅថ្ងៃទី ១២ ខែមីនា ឆ្នាំ​២០២៦​ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​ថ្លែង​ថា «អតីត​ពលករ​ខ្មែរ និងអ្នកស្វែងរកការងារ អាចចូល​រួមវេទិការនេះចាប់ពីម៉ោង ៧:៣០ព្រឹក ដល់ម៉ោង ៤:០០​ល្ងាច ដើម្បីចាប់យកឱកាសការងារដែលខ្លួនពេញចិត្ត អាចប្រឹក្សាផ្ទាល់ពីក្រុមហ៊ុន និង​ទទួល​បាន​ព័ត៌មានអំពីដំណើរចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រពន្ធ័»។

បើតាមអ្នកនាំពាក្យថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ បានសហការជា​មួយគណៈ​កម្មា​ធិការសម្រប​សម្រួល​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ​និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីរៀបចំវេទិកាការងារ និង​​យុទ្ធនាការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ការ​សហការ​នេះ​ក៏ទទួល​បាន​ការ​គាំទ្រ​ពី​អង្គការ​អន្តរជាតិ​ខាងការងារ(ILO) និងដៃគូ​អាជីវ​កម្ម​ជា​ច្រើនផ្សេងទៀត។

ក្នុងកម្មវិធីនេះ អ្នកចូលរួមនឹងមានឱកាសដាក់ CV ភ្លាម និង​ទទួល​សម្ភាសន៍​ផ្ទាល់​ជាមួយ​តំណាង​ក្រុម​ហ៊ុន​ភ្លាមៗ និងអត្ថប្រយោជន៍​ជា​ច្រើន​ទៀត។ បងប្អូនចាប់អារម្មណ៍អាចទាក់ទង NEA តាម​លេខ​ ០១៧ ៤៦៧ ៤២៣ ឬ ០៨៨ ៩០៩ ៩៦៩៩ និងតាមគេហទំព័រ www.nea.gov.kh សម្រា​ប់​ព័ត៌មានលម្អិត៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia