Connect with us

ព័ត៌មាន

នគរបាលរាជធានី បើកប្រតិបត្តិការបង្ក្រាបទីតាំង Scams Online មួយកន្លែង ឃាត់​ជន​សង្ស័យ​៦៥​នាក់ នៅខណ្ឌបឹងកេងកេង

ភ្នំពេញ៖ កម្លាំងនគរបាលរាជធានីភ្នំពេញ កាលពីវេលាយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ បាន​បើក​ប្រ​តិបត្តិការស្រាវជ្រាវចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scams Online) មួយ​ក​ន្លែង ស្ថិតនៅចំណុចខុនដូរ ហ្គោលឌិន វ័ន (Golden One) អគារលេខ៤១ ជាន់ទី៣០ ផ្លូវ​លេខ​៣៦០ ភូមិ៧ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានី​ភ្នំពេញ​ដោយ​បាន​ឃាត់​ខ្លួន​ជន​សង្ស័យចំនួន ៦៥នាក់។

ប្រតិបត្តិការទ្រង់ទ្រាយធំនេះ ធ្វើឡើងក្រោមការចង្អុលបង្ហាញដោយឯកឧត្តមឃួង ស្រេង អភិបាល​រាជ​ធានីភ្នំពេញ និងក្រោមការដឹកនាំបញ្ជាដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ជួនណារិន្ទ អគ្គ​ស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលដឹកនាំ​ប្រតិបត្តិ​ការ​ចុះ​អនុវត្ត​ដោយ​លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា និងលោកឧត្តមសេនីយ៍ត្រី ស ថេន ស្នងការរង ដោយ​មានកម្លាំងការិយាល័យជំនាញចំនួន០៤ប្រតិបត្តិការ មានការិល័យ​ប្រឆាំង​បទ​ល្មើស​បច្ចេក​វិទ្យា​, ការិល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា , ការិល័យគ្រប់គ្រងជនបរទេស និងការិយាល័យ​ស៊ើប​អង្កេត និងអនុវត្តនីតិវិធី ក្រោមការសម្របសម្រួលនីតិវិធីច្បាប់ដោយលោកសេង ហៀង ព្រះ​រាជ​អាជ្ញា​រង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ ។

ជាលទ្ធផល នៃប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនមនុស្សចំនួន ៦៥នាក់ ក្នុងនោះ​មាន​ជន​ជាតិចិន០៨នាក់ (ប្រុស) , ជនជាតិខ្មែរ៥៧ នាក់ (ស្រី២៧នាក់) ។ ដោយដក​ហូត​វត្ថុ​តាង ​និងសម្ភារពាក់ព័ន្ធរួមមាន ៖ កុំព្យូទ័រ ALL in One : ៨៩ គ្រឿង , ម៉ូនីទ័រ០១គ្រឿង , CPU : ០១ គ្រឿង , ទូរស័ព្ទបម្រើអោយបទល្មើស ៣៨៤គ្រឿង និងស៊ីមកាតអន្តរជាតិ មួយចំនួនធំ រួម​ទាំង​វត្ថុ​តាងពាក់ព័ន្ធផ្សេងទៀតផងដែរ ។

មន្ត្រីនគរបាលជំនាញ បញ្ជាក់ថា ៖ ជនសង្ស័យបានប្រើប្រាស់ប្រទេសកម្ពុជាប្រព្រឹត្តបទល្មើស ឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា (Scams Online) ក្រោមរូបភាពអូស​ទាញ​លោម​លួង​ដាក់​ប្រាក់​ឱ្យ​វិនិយោគ​ក្លែង​កា្លយ (Investment Scams) ដែលជនរងគ្រោះជាគោលដៅទៅខាងទ្វីបអ៊ឺរ៉ុប ។

បច្ចុប្បន្ន ជនសង្ស័យទាំង៦៥នាក់ និងវត្ថុតាងពាក់ព័ន្ធ ត្រូវបានបញ្ចូនខ្លួន ទៅកា​ន់​ស្នង​ការ​ដ្ឋាន​នគរបា​ល​រាជធានីភ្នំពេញ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់៕  អត្ថបទ៖ លីហេង

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia