Connect with us

ព័ត៌មាន

រាជរដ្ឋាភិបាលកំពុងបន្តបេសកកម្មការទូតសម្ម «ពង្រឹងមិត្តភាពចាស់ ពង្រីកមិត្តភាព​ថ្មី»លើឆាកតំបន់ និងអន្តរជាតិ

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា កំពុង​បន្ត​បេស​កក​ម្មការទូតសម្មរបស់ខ្លួនឥតឈប់ឈរ ដែលឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងស្វះស្វែង «​ពង្រឹង​មិត្ត​ភាពចាស់ ពង្រីកមិត្តភាពថ្មី» នៅលើឆាកតំបន់ និងអន្តរជាតិ ជាពិសេសក្នុងបរិបទនៃ «ការ​ការ​ពារបូរណភាពទឹកដី និងប្រជាជន គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល»។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា ថ្លែង​តាម​រយៈ​សន្និសីទ​សារព័ត៌មា​ន​នៅ​ថ្ងៃ​ទី១​២ ខែមីនា ឆ្នាំ២០២៦នេះថា ការងារការទូតសកម្មរបស់រាជរដ្ឋាភិបាល ដើម្បី​រឹត​ចំណង​ការ​ទូត​ជាមួយ​បណ្តាប្រទេសជាមិត្ត ក្នុងបរិបទដែល «ការការពារបូណភាពទឹកដី និងប្រជាជន» គឺ​ជា​អាទិភាព​ខ្ពស់បំផុត ក្រោមការដឹកនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ជាក់ស្តែង នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋ​មន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំ​គណៈ​ប្រតិភូ​ទៅ​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​នៅ​សាធារណរដ្ឋសិង្ហបុរី។

អំឡុងពេលនៃការបំពេញទស្សនកិច្ចផ្លូវការនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអញ្ជើញ​ជួប​ពិភាក្សា​ទ្វេភាគីជាមួយ ឯកឧត្តមបណ្ឌិត វីវៀន បាឡាគ្រីស្សណាន់ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី។ ភាគី​ទាំងពីរបានបង្ហាញពីការប្តេជ្ញាចិត្តឥតងាករេ ក្នុងការពង្រឹង និងធ្វើ​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅនូ​វចំ​ណង​មិត្ត​ភាពទ្វេភាគីដ៏យូរអង្វែង ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាព​ក្នុង​តំបន់​។ ​ជំនួបខាងលើត្រូវបានបញ្ចប់ដោយការផ្លាស់ប្តូរទស្សនៈអំពីបញ្ហាតំបន់ និង​អន្តរជាតិ​ដែល​ជា​កង្វល់​រួម​ក៏ដូចជាពិភាក្សាយ៉ាងស៊ីជម្រៅអំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ជា​ពិសេស​ស្ថាន​ភាព​ជនភៀសសឹកដែលមិនអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន។ ឯកឧត្តម​ឧប​នាយក​រដ្ឋ​មន្ត្រី​ ប្រាក់ សុខុន ក៏បានអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ ឯកឧត្តម ឡរ៉េន វ៉ុង នាយក​រដ្ឋ​មន្ត្រី​សិង្ហបុរី និងក៏បានជម្រាប​ជូន​ឯកឧត្តម​នាយករដ្ឋ​មន្ត្រី​អំពី​ការ​វិវត្ត​ថ្មី​ៗ​នៃ​ស្ថាន​ភាព​ព្រំដែន​កម្ពុជា​-ថៃ​ទៅផងដែរ។

ក្រោយជំនួបនោះ ឯកឧត្តមបណ្ឌិត វីវៀន បាឡាគ្រីស្សណាន់ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេស​ប៊ុក​ដោយ​បង្ហាញ​ពី​ភាព​ស្និទ្ធ​ស្នាល និង​បាន​ហៅ​ឯកឧត្តម​ឧប​នាយក​រដ្ឋ​មន្ត្រី​ប្រាក់​ សុខុន ថាជាមិត្តជិតស្និទ្ធ។ ក្រៅពីបង្ហាញ​ពីសន្ទុះ​ដ៏​រឹង​មាំ​នៅ​ក្នុង​ទំនាក់​ទំនង​រវាង​សិង្ហបុរី​-កម្ពុជា និងបានព្រមព្រៀងគ្នាក្នុងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខស្បៀង ថាម​ពលក​កើតឡើងវិញ និងសេដ្ឋកិច្ចឌីជីថល ប្រមុខការទូតសិង្ហបុរី ក៏បានប្រាប់​ឱ្យ​ដឹង​ដែរ​អំពី​ការ​ផ្លាស់​ប្តូរ​ទស្សនៈលើការអភិវឌ្ឍក្នុងតំបន់ រួមទាំងស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ហើ​យ​ឯក​ឧត្តមសង្ឃឹមថា សមាជិកអាស៊ានទាំងពីរ(កម្ពុជានិងថៃ) អាចពង្រឹង​បទឈប់​បាញ់​ដែល​កំពុង​ស្ថិត​នៅជាធរមាន និងដោះស្រាយជម្លោះដោយសន្តិវិធីតាមរយៈការសន្ទនានិងការចរចា។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ជាថ្មីថា វត្តមានជា​បន្ត​បន្ទាប់​នៃ​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​នៅ​ក្រៅ​ប្រ​​ទេស​បន្ទាប់ពីដំណើរបេសកកម្មការទូតរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៅសហរដ្ឋ​អាម៉េរិក និង​អឺរ៉ុប កាលពីចុងខែកុម្ភៈ បានឆ្លុះបញ្ចាំងពីកា​រ​ទូត​សកម្ម​របស់​រាជ​រដ្ឋាភិបាល​កម្ពុ​ជាដើ​ម្បី​ពង្រឹ​ងនិង​ពង្រី​កកិ​ច្ចស​ហប្រតិបត្តិការជាមួយបណ្តាប្រទេស​ជា​មិត្ត​ក្រោម​នយោបាយ​«ព​ង្រឹង​មិត្ត​ភាពចាស់ ពង្រីកមិត្តភាពថ្មី»របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយមិន​ភ្លេច​អាទិភាព​ខ្ពស់​បំផុតរបស់ខ្លួនគឺ «ការការពារបូរណភាពទឹកដី និង​ប្រជាជន» ក្នុង​បរិបទ​ជម្លោះ​ព្រំដែន​កម្ពុជាថៃ។

កាលពីចុងខែកុម្ភៈកន្លងទៅ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការ​បរទេស​និង​សហ​ប្រតិបត្តិការអន្តរជាតិ ក៏បានអញ្ជើញថ្លែងបទអន្តរាគមន៍ ក្នុងសម័យប្រជុំលើកទី៦១ នៃ​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ សហព័ន្ធ​ស្វីស​ដែរ​ដោយ​បាន​សង្កត់​ធ្ងន់​ថា សិទ្ធិមនុស្សមិនអាចរីកចម្រើនប្រកបដោយចីរភាពបានឡើយបើគ្មានសន្តិភាព ចំណែក​ឯការ​អភិវឌ្ឍក៏មិនអាចប្រព្រឹត្តទៅបានដែរបើគ្មានសន្តិសុខ។ ដូចគ្នានេះដែរ ឯកឧត្តម​ឧប​នាយក​រដ្ឋ​មន្ត្រី​គូសបញ្ជាក់ថា ក្នុងទំនាក់ទំនងរដ្ឋនិងរដ្ឋ ការការពារសិទ្ធិមនុស្សនិងសេចក្តីថ្លៃថ្នូរ ត្រូវផ្អែក​លើ​ការ​គោរពយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាព បូរណភាពទឹកដី និងច្បាប់អន្តរជាតិ។

ក្នុងន័យ​នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានលើកឡើង​ពី​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ផ្នែក​សិទ្ធិ​មនុស្សដោយសារជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ ជាពិសេស​វត្តមាន​កម្លាំង​យោធា​ថៃ​កាន់​កាប់​ភូមិ​ស្រុក​កម្ពុជា ដែលនៅតែជាឧបសគ្គចម្បងដល់ការវិលត្រឡប់​របស់​ប្រជាជនស៊ីវិលទៅ​កាន់​ផ្ទះ​សម្បែងរបស់គេវិញ ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ និងបានបញ្ជាក់ជំហររបស់កម្ពុជា​ក្នុង​ការ​ដោះស្រាយបញ្ហាដោយសន្តិវិធីតាមយន្តការដែលបានឯកភាពគ្នា ដោយគោរព​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​គោលការណ៍ច្បាប់អន្តរជាតិ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ទៀតថា ក្នុងស្មារតីស្រឡាញ់សន្តិភាពនិងគោរពច្បាប់អន្តរជាតិ កម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងគ្រប់ចំណុចនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងៗទៀតដែលបានឯកភាពគ្នាក្នុង​ការដោះស្រាយបញ្ហា​ព្រំដែន​ដោយសន្តិវិធីតាមយន្តការJBCដើម្បីធានាដំណោះស្រាយត្រឹមត្រូវ យុត្តិធម៌ និងធានា​សន្តិភាព​យូរអង្វែងតាមព្រំដែនរវាងប្រទេសទាំងពីរ។

អ្នកនាំពាក្យបន្តថា កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia