Connect with us

ព័ត៌មាន

ទឹកជ្រោះប៊ូស្រាបានប្រែក្លាយទៅជាឧទ្យានធម្មជាតិដ៏ល្អឯក បេះដូងនៃវិស័យទេសចរណ៍របស់ខេត្តមណ្ឌលគិរី

មណ្ឌលគិរី៖ រមណីយដ្ឋានឧទ្យានធម្មជាតិប៊ូស្រា ដែលត្រូវបានគេស្គាល់ថាជាបេះដូងនៃវិស័យទេសចរណ៍ក្នុងខេត្តមណ្ឌលគិរី កំពុងបង្ហាញមុខមាត់ថ្មីយ៉ាងអស្ចារ្យ បន្ទាប់ពីទទួលបានការវិនិយោគយ៉ាងយកចិត្តទុកដាក់ពីក្រុមហ៊ុនកូនខ្មែរអស់រយៈពេលជាង១០ឆ្នាំកន្លងមកនេះ។ ការប្រែប្រួលពីរមណីយដ្ឋានធម្មជាតិសាមញ្ញ មកជាឧទ្យានទេសចរណ៍ដ៏សម្បូរបែបនេះ មិនត្រឹមតែទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តកាន់តែច្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតឱកាសការងារ និងលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ជនជាតិដើមភាគតិចក្នុងតំបន់ឱ្យកាន់តែប្រសើរឡើងផងដែរ។

បើតាមការសង្កេតផ្ទាល់ពីបងប្អូនអាជីវករដែលបានប្រកបរបរលក់ដូរនៅទីនេះជាច្រើនឆ្នាំមកហើយ បានឱ្យដឹងថា កំណើនភ្ញៀវទេសចរមានការកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសនៅថ្ងៃចុងសប្ដាហ៍ និងថ្ងៃឈប់សម្រាក។ ការផ្លាស់ប្តូរដ៏ធំធេងដែលពួកគាត់មើលឃើញ គឺការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្មើរជើងយ៉ាងខ្វាត់ខ្វែងក្នុងតំបន់រមណីយដ្ឋាន ដែលធ្វើឱ្យសោភ័ណភាពកាន់តែស្រស់ស្អាត និងមានសណ្ដាប់ធ្នាប់ជាងមុនឆ្ងាយណាស់។ អ្វីដែលជាចំណុចពិសេសបំផុតនោះ គឺការយកចិត្តទុកដាក់ពីក្រុមហ៊ុនវិនិយោគ ចំពោះបងប្អូនជនជាតិដើមភាគតិចពូនងដែលកំពុងលក់ដូរក្នុងបរិវេណនេះប្រមាណជាង ៦០គ្រួសារ ដោយក្រុមហ៊ុនមិនមានការយកកម្រៃឈ្នួលតូបប្រចាំខែ ឬប្រចាំឆ្នាំនោះឡើយ ដែលនេះគឺជាការផ្ដល់លទ្ធភាពយ៉ាងធំធេងដល់សហគមន៍ក្នុងការរកចំណូលទ្រទ្រង់គ្រួសារ។ (មានសម្លេងពីរនាក់)

ក្នុងក្រសែភ្នែករបស់អ្នកទេសចរដែលបានមកដល់ទឹកដីប៊ូស្រា ក៏បានបង្ហាញនូវភាពពេញចិត្តយ៉ាងខ្លាំងចំពោះការស្វាគមន៍យ៉ាងរាក់ទាក់ និងសេវាកម្មដែលមានផាសុកភាព។ ភ្ញៀវទេសចរដែលមកពីបណ្ដាខេត្តឆ្ងាយៗ ដូចជាខេត្តប៉ៃលិន និងខេត្តព្រៃវែង បានលើកឡើងថា តម្លៃសំបុត្រចូលទស្សនាត្រឹមតែ ២០០០រៀល គឺជាតម្លៃមួយដែលល្អបំផុតសម្រាប់អនុញ្ញាតឱ្យប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈអាចមកកម្សាន្តបាន។ ទោះបីជាស្ថិតក្នុងរដូវប្រាំង ក៏បរិយាកាសនៅទីនេះនៅតែរក្សាបាននូវភាពត្រជាក់ស្រួល ខ្យល់អាកាសបរិសុទ្ធ និងមានសុវត្ថិភាពខ្ពស់សម្រាប់ការសម្រាកលំហែបែបគ្រួសារ។ ជាមួយគ្នានេះ ភ្ញៀវទេសចរដែលធ្លាប់មកលេងជាច្រើនដង ក៏នៅតែមានបំណងចង់ត្រលប់មកវិញម្តងទៀត ដោយសារតែទីនេះតែងតែមានអ្វីដែលថ្មី និងការអភិវឌ្ឍជានិច្ច ទាំងសេវាកម្មម្ហូបអាហារ កន្លែងសម្រាកកម្សាន្តជាដើម។ (មានសម្លេង១)

លោក គីម គុណ្ណាក់ ប្រធានផ្នែកអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធរបស់ឧទ្យានធម្មជាតិប៊ូស្រាបានលើកឡើងថា ឆ្លើយតបទៅនឹងការគាំទ្រដ៏ច្រើនកុះករនេះ ក្រុមហ៊ុន មណ្ឌល ខេ រីសត ដែលជាក្រុមហ៊ុនវិនិយោគដោយកូនខ្មែរសុទ្ធសាធ មានលោកស្រី សេង សុជាតិតា ជាអគ្គនាយិកា កំពុងបន្តពង្រីកវិសាលភាពនៃការអភិវឌ្ឍលើផ្ទៃដី ១១៩ហិកតា ឱ្យកាន់តែសម្បូរបែបបន្ថែមទៀត។ បច្ចុប្បន្នក្រុមហ៊ុនកំពុងសម្រុកស្ថាបនា «កន្ត្រកដឹកអ្នកដំណើរ» ដែលគ្រោងនឹងបញ្ចប់មុនឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ចាស់ជរា និងអ្នកទេសចរឱ្យអាចចុះទៅដល់ជើងទឹកធ្លាក់បានយ៉ាងងាយស្រួលដោយមិនចាំបាច់ដើរតាមជណ្ដើរ។ បន្ទាប់ពីនោះ គម្រោង «ស្ពានកញ្ចក់» និង «ហាងកាហ្វេកញ្ចក់» ក៏នឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗ ដែលនឹងអនុញ្ញាតឱ្យភ្ញៀវទេសចរអាចគយគន់ទិដ្ឋភាពទឹកធ្លាក់ជាន់ទី២ ចេញពីលើអាកាសយ៉ាងរំភើប។ លើសពីនេះ ក៏មានសួនសត្វដ៏សម្បូរបែប ហើយសម្រាប់អ្នកដែលចូលចិត្តការផ្សងព្រេង ឧទ្យានធម្មជាតិប៊ូស្រាក៏នឹងរៀបចំឱ្យមានសេវាកម្មជិះម៉ូតូកង់បួន កាត់តាមតំបន់ធម្មជាតិឆ្ពោះទៅកាន់ទឹកជ្រោះប៊ូស្រាដំណាក់ទី៣ ដែលជាទីតាំងដ៏កម្រ មានអ្នកទៅដល់ ។ (មានសម្លេង១)

ស្របតាមការរីកចម្រើននៃឧទ្យាននេះដែរ លោក ស៊ាង សឿន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានបង្ហាញឱ្យឃើញនូវសន្ទុះកើនឡើងយ៉ាងខ្លាំងនៃវិស័យទេសចរណ៍ក្នុងខេត្ត ។ ក្នុងឆ្នាំ២០២៥ កន្លងទៅ ស្ថិតិភ្ញៀវទេសចរដែលមកកម្សាន្តក្នុងខេត្តមណ្ឌលគិរីមានការកើនឡើងច្រើន ដោយទទួលបានភ្ញៀវសរុបចំនួន ៦៣៤,៩៥១ នាក់ ដែលតួលេខនេះបង្ហាញពីការកើនឡើងដល់ទៅ ៣៤.៨០% បើធៀបនឹងឆ្នាំ២០២៤ ។ ក្នុងចំណោមភ្ញៀវទេសចរសរុបទាំងនោះ រួមមានទេសចរជាតិចំនួន ៦២៥,៧៧៣ នាក់ និងទេសចរបរទេសចំនួន ៩,១៧៨ នាក់ ដែលនេះជាសញ្ញាណដ៏ល្អបំផុតនៃសក្ដានុពលសេដ្ឋកិច្ចទេសចរណ៍ក្នុងតំបន់ភូមិភាគឦសាននេះ ។

ទោះបីជាមានការអភិវឌ្ឍទំនើបៗជាច្រើនយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុននៅតែប្រកាន់ខ្ជាប់នូវគោលការណ៍អភិរក្សធម្មជាតិ ដោយរាល់ការសាងសង់គឺមិនឱ្យប៉ះពាល់ដល់ដើមឈើធំៗឡើយ ហើយសូម្បីតែដើមឈើចាស់ៗក៏ត្រូវបានក្រុមការងារថែទាំយ៉ាងយកចិត្តទុកដាក់បំផុត។ បច្ចុប្បន្ន ឧទ្យានធម្មជាតិប៊ូស្រាកំពុងត្រៀមខ្លួនយ៉ាងរួចរាល់ ក្នុងការរៀបចំទស្សនីយភាពប្លែកៗជាច្រើនទៀត ដើម្បីស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ៕

អ៊ិត ភីរុណ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia