Connect with us

ព័ត៌មាន

កម្ពុជា និង IFAD ពិនិត្យវាយតម្លៃកម្មវិធីអភិវឌ្ឍន៍ជនបទ និងពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្មជនបទ

រាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិអន្តរជាតិអភិវឌ្ឍន៍កសិកម្ម (IFAD) បានពិនិត្យវាយតម្លៃលទ្ធផលនៃកិច្ចសហ​ប្រតិបត្តិការ​លើការ​អភិវឌ្ឍ​ជនបទ និងពិភាក្សា​អំពីអាទិភាពសម្រាប់កម្ម​វិធីនាពេលអនាគត ក្នុង​គោលបំណងលើកកម្ពស់​ជីវភាពរ​ស់នៅរបស់ប្រជាជននៅជនបទ និងកាត់បន្ថយភាពក្រីក្រ។

ការពិភាក្សានេះធ្វើឡើងក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពីការវាយតម្លៃយុទ្ធសាស្ត្រ និងកម្មវិធីប្រចាំប្រទេស កាលពីថ្ងៃទី២០ តុលា ឆ្នាំ២០២៦ កន្លងទៅ ដោយមានការចូលរួមពីតំណាងរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អ្នកស្រាវជ្រាវ វិស័យឯកជន អង្គការសង្គមស៊ីវិល និងតំណាង​អង្គ​ការកសិករ។ សិក្ខាសាលានេះ ក៏បានប្រារព្ធខួប ៣០ឆ្នាំនៃភាពជាដៃគូរវាង IFAD និងរាជរដ្ឋាភិបាលកម្ពុជាផងដែរ។

ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធី ASPIRE-AT បានមានប្រសាសន៍ថា មូលនិធិអន្តរជាតិអភិវឌ្ឍន៍កសិកម្ម បានធ្វើកិច្ចការងារជាច្រើនដែលបានរួមចំណែកអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា សំដៅកែលម្អជីវភាពរស់នៅរបស់​ប្រជាពលរដ្ឋនៅ​តាម​ទីជន​បទ​យ៉ាងច្រើន។

ឯកឧត្តម ហ៊ុល បុណ្ណារ័ត្ន អគ្គនាយកនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា សិក្ខាសាលានេះជាឱកាសដ៏សំខាន់សម្រាប់ពិនិត្យមើលសមិទ្ធផល បញ្ហាប្រឈម និងមេរៀនដែលទទួលបានពីកិច្ចសហប្រតិបត្តិការកន្លងមក ព្រមទាំងពង្រឹងភាពជាដៃគូសម្រាប់ឆ្នាំខាងមុខ។

ជាមួយនេះ ​លោកស្រី Reehana Raza នាយិកាប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃមូលនិធិអន្តរជាតិអភិវឌ្ឍន៍កសិកម្ម បានជំរុញឱ្យអ្នកចូលរួមពិភាក្សាប្រកបដោយភាពស្ថាបនា ដើម្បីបម្លែងលទ្ធផលនៃការវាយតម្លៃទៅជាសកម្មភាពជាក់ស្តែង។ នេះជាឱកាសដ៏សំខាន់ក្នុងការប្រែក្លាយភស្តុតាងទៅជាសកម្មភាព។ លោកស្រី ក៏បានលើកទឹកចិត្តឱ្យមានការពិភាក្សាដោយបើកចំហ និងស្ថាបនា ដើម្បីឈានដល់ការឯកភាពលើវិធានការជាក់ស្តែង ការបែងចែកការទទួលខុសត្រូវ និងកាលកំណត់ពេលវេលាច្បាស់លាស់។

សូមបញ្ជាក់ថា មូលនិធិអន្តរជាតិអភិវឌ្ឍន៍កសិកម្ម (IFAD) បានគាំទ្រដល់កិច្ចអភិវឌ្ឍជាច្រើននៅក្នុងប្រទេសកម្ពុជា ជាពិសេសគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (អេមស៍) និងកម្មវិធី ASPIRE AT មានតួនាទីបំពេញបន្ថែមគ្នាក្នុងការជំរុញការអភិវឌ្ឍវិស័យកសិកម្ម និងលើកកម្ពស់ជីវភាពកសិករខ្នាតតូចនៅកម្ពុជា។ខណៈដែល ASPIRE-ATផ្តោតលើការពង្រឹងសមត្ថភាពផលិតកម្ម ការផ្សព្វផ្សាយបច្ចេកទេស និងភាពធន់របស់កសិករ AIMS ផ្តោតលើការតភ្ជាប់ផលិតកម្មទៅកាន់ទីផ្សារ ការអភិវឌ្ឍខ្សែច្រវាក់តម្លៃ និងការបង្កើតឱកាសអាជីវកម្ម។

ការសហការរវាងកម្មវិធីទាំងពីរនេះជួយភ្ជាប់ចំណេះដឹង និងសមត្ថភាពផលិតកម្មរបស់កសិករទៅនឹងឱកាសទីផ្សារ ដើម្បីឱ្យកសិករមិនត្រឹម​តែអាច​ផលិតបានកាន់តែប្រសើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានលទ្ធភាពលក់ផលិតផល ទទួលបានតម្លៃសមរម្យ និងបង្កើន​ប្រាក់​ចំណូល​ផង​ដែរ៕អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia